ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ធីអិនធី អត់ញូវស៍ 070 520 353 / 017 37 30 50
កម្ពុជា-គុយបា បង្ហាញនូវក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម និងសុខាភិបាល
Thu,13 June 2024 (Time 09:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនង​ និងមិត្តភាពដ៏ល្អ​ នៃប្រទេសទាំងពីរ ដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្ត​នេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល។

ការលើកឡើងបែបនេះធ្វើឡើងនាឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៤។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវ ហើយថារដ្ឋសភាបើកទ្វារចំហស្វាគមន៍ជានិច្ចជាមួយស្ថានទូតគុយបា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ​ និងសកម្មឡើង​ ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលជានិច្ចកាលតែងតាំងស្រ្តីជាឯកអគ្គរដ្ឋទូតក្នុងការមកបំពេញបេសកកម្មនៅកម្ពុជា ស្របតាមចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការតស៊ូរបស់ស្រ្តីគុយបានៅក្នុងការចូលរួមចំណែកកសាង​ និងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា​ ស្រ្តីមានការលះបង់​ និងតស៊ូខ្ពស់នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងអំពីគុណតម្លៃសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ថាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងបរិបទស្ថានការណ៍ពិភពលោកប្រែប្រួលឆាប់រហ័ស និងមានហានិភ័យខ្ពស់ដូចសព្វថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា-គុយបាប៉ុណ្ណោះទេ តែបានរួមចំណែកធានាដល់ការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ពិភពលោក និងការលើកកម្ពស់យន្តការពហុភាគីនិយម។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ Milena Caridad Zaldivar Piedra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាត​ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ លោកជំទាវមានកិត្តិយសយ៉ាងក្រៃលែង ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាមិត្តប្រវត្តិសាស្រ្តរបស់គុយបា។ លោកជំទាវបានបញ្ជាក់ពីអារម្មណ៍ថា កម្ពុជាដូចជាប្រទេសទី២ ឬផ្ទះទី២របស់លោកជំទាវ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនផងដែរ ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើប្រទេសគុយបា។ លោកជំទាវ បានសង្កត់ធ្ងន់ថា អ្វីដែលគុយបាប្រាថ្នាចង់បានគឺសាមគ្គីភាព និងការធ្វើការរួមគ្នា។ លោកជំទាវបានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រ ឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តពូនជ្រំចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសការសម្រេចឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ជាមួយគ្នានេះ គុយបាក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានជួយគាំទ្រខ្លួនលើបញ្ហាសន្តិសុខស្បៀងដោយបានផ្តល់ជំនួយជាអង្ករជាច្រើនតោន ជាពិសេសនៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩។ លោកជំទាវបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា គុយបានឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។

នាឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-គុយបា ដែលបានបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំប្រទេសទាំងពីរហើយត្រូវបានបន្តពូនជ្រំតាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអតីតលោកប្រធានាធិបតី ហ្វីដែល កាស្រ្តូ និងត្រូវបានបន្តថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ជាបន្តបន្ទាប់។ ជាក់ស្តែង ដំណើរទស្សនកិច្ច សម្តេចតេជោ នៅសាធារណរដ្ឋគុយបាជាបន្តបន្ទាប់នៅឆ្នាំ១៩៩៩ ឆ្នាំ២០០០ និងឆ្នាំ២០២២ កន្លងទៅនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុស្សរណៈជាច្រើន។​ ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសភានៃប្រទេសទាំងពីរវិញ បានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។ ក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគុយបា-កម្ពុជា បានដើរតួនាទីសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងសភា​ និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងគាំទ្របេក្ខភាពសភាគុយបា ជាប្រទេសសង្កេតការណ៍នៅក្នុងវេទិកាអន្តរសភាអាស៊ាន (AIPA) នៅក្នុងមហាសន្និបាតលើកទី៤៥ នៅប្រទេសឡាវ នាពេលខាងមុខនេះ។

មុននឹងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតបានពាំនាំនូវការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាគុយបាជូន សម្តេចរដ្ឋសភាធិបតី ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា នៅពេលវេលាសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ADB បន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព រស់នៅ របស់ពលរដ្ឋកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅប្រទេសអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដាក់ចេញគោលការណ៍សំខាន់ៗបីចំណុចសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្តកំពត ()

ព័ត៌មានគួរចាប់អារម្មណ៍

Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ()

វីដែអូ